ពាក្យថា«ពិពិធកម្ម» នៅក្នុងវិស័យសេដ្ឋកិច្ច ជំនួញ ទេសចរណ៍ ជាដើមគេឧស្សាហ៍និយាយ។ ជាសព្ទបច្ចេកទេសផង ពាក្យនេះ ភាគច្រើនមានតែអ្នកដែលមានការយល់ដឹងច្បាស់ពីអត្ថន័យនៃពាក្យនេះទេ ទើបអាចនិយាយបាន ចំណែកអ្នកសាមញ្ញសូម្បីតែអត្ថន័យមានន័យបែបណា ក៏មិនដឹងផង។
វចនានុក្រមខ្មែរ របស់សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យថា «ពិពិធកម្ម» គឺមកពីពាក្យពីរ គឺពាក្យ វិវិធ និងពាក្យ ពិពិធ ដែលពាក្យទាំងពីរនេះមានអត្ថន័យដូចគ្នា។ ពាក្យ«ពិពិធ» មានថ្នាក់ពាក្យជា(គុ) មានន័យថា ផ្សេងៗគ្នា, ច្រើនបែប, ច្រើនយ៉ាងៈ ពិពិធសម្បត្តិ គឺសម្បត្តិច្រើនយ៉ាង។ ពិពិធភណ្ឌ មានន័យថា ភណ្ឌៈផ្សេងៗ, របស់ច្រើនយ៉ាង, ច្រើនមុខ។
ប៉ុន្តែនៅពេលដែលសរសេរថា ពិពិធកម្ម ពាក្យនេះក្លាយជាកិរិយាសព្ទ ដែលមានន័យថា ធ្វើឲ្យមានចម្រុះកម្ម ឲ្យសម្បូរបែប ជាដើម។ ឧទាហរណ៍៖ ពិពិធកម្មវិស័យទេសចរណ៍ មានន័យថាពង្រីក ឬអភិវឌ្ឍវិស័យទេសចរណ៍ឲ្យមានសកម្មភាពច្រើនបំផុត មានចម្រុះផ្នែកទេសចរណ៍៖ ដូចជា ប្រាសាទបុរាណ អេកូទេសចរណ៍ តំបន់ទេសចរណ៍សប្បនិម្មិត ភ្នំ ជ្រោះ ព្រៃ កែច្នៃយ៉ាងណាឲ្យក្លាយជាតំបន់ទេសចរណ៍សម្បូរបែប។
ពិពិធកម្មវិស័យពាណិជ្ជកម្ម មានន័យថា ធ្វើឲ្យមានចម្រុះកម្មផ្នែកពាណិជ្ជកម្ម មានទាំងខ្នាតតូច ខ្នាតធំ និងទិញដូរគ្រប់ប្រភេទ។
ពិពិធកម្មវិស័យកសិកម្ម មានន័យថា ធ្វើឲ្យវិស័យកសិកម្មមានចម្រុះផល គឺមិនមែនផ្ដោតតែលើស្រូវអង្គរ ប៉ុន្តែត្រូវជម្រុញឲ្យមានការដាំដុះដំនាំគ្រប់ប្រភេទ៕
Comments
Post a Comment